មានរឿងអីចេះ៖ មុនចុះចេញពីអំណាច! លោក អូបាម៉ា បណ្តេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីទឹកដីអាមេរិក! ពួកគេមានពេល ៧២ម៉ោងដើម្បីវេចបង្វិច!

(​វ៉ាស៊ីនតោន)៖ ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុង​ទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹង​ទីក្រុងមូស្គូ តាមរយៈការ​បណ្ដេញមន្ត្រី​ទូតរុស្ស៊ី​ ៣៥នាក់​ក៏ដូចជាបិទបេសកកម្មការទូត​រុស្ស៊ីចំនួន​ពីរកន្លែងនៅក្នុងញូយ៉ក និង​រដ្ឋម៉ារីលែនដើម្បីជាការឆ្លើយ​តប​ទៅ​នឹង​ការជ្រៀ​ត​ជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា​កន្លងទៅ។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់អាមេរិក​ម្នាក់ដែលចេញ​ផ្សាយដោយ​ សារព័ត៌មាន Channel News Asia​​ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីរូបនេះដដែល​ក៏បានបញ្ជាក់ដែរថា ក្រសួងការបរទេស​អាមេរិកទុករយៈពេល ៧២ម៉ោងឱ្យមន្ត្រីទូត​រុស្ស៊ី ៣៥នាក់ប្រចំាទីក្រុងវ៉ាស៊ីនតាន និងស្ថានកុងស៊ុល​នៃទីក្រុង​សាន់ហ្រា្វន់ស៊ីស្កូ រៀបចំបង្វិច​ចាកចេញពី​ទឹកដី​សហរដ្ឋអាមេរិក ខណៈមជ្ឈមណ្ឌលរុស្ស៊ីចំនួន០២ ក៏នឹងត្រូវបិទទ្វាផងដែរចាប់ពីថ្ងៃសុក្រនេះតទៅ។ ក៏ប៉ុន្តែ ខាងវិមាន​ក្រឹមឡាំង តាមរយៈអ្នកនាំ​ពាក្យលោក ឌីមីទ្រី ប៉េស្កូវ បានច្រានចោល​ការដាក់ទណ្ឌកម្មនេះ និងថែម​ទាំង​បានចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន​មាន​បំណងបំផ្លាញទាំងស្រុង​ទំនាក់ទំនងអាមេរិក-រុស្ស៊ី ហើយថាទីក្រុងមូស្គូ​នឹងចាត់វិធានការ​ឆ្លើយតបចំពោះ​ការដាក់ទណ្ឌកម្មនេះ។

គួរបញ្ជាក់ថា​កាលពីពេលថ្មីៗ​កន្លងទៅនេះ ទីភ្នាក់ងារចារ​កម្មអាមេរិក CIA បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​អះអាងថារុស្ស៊ី បានជ្រៀតជ្រែតចូលក្នុងកិច្ចការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ដើម្បី​ជួយ​ឱ្យលោក ដូណាល់ ត្រាំ អង្គុយកៅអីជាប្រធានាធិបតី ខណៈរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ជាច្រើនលើករួចមកហើយ។ ដោយឡែកផ្អែកលើទណ្ឌកម្មខាងលើ ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់រុស្ស៊ី FSB និងGRU ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ៕​Source: freshnewsasia.com