អីក៏ព្រៃផ្សៃខ្លាំងម្ល៉េះ! ចាប់គ្នាស្រុះទឹកក្តៅ ហើយបោចរោមគ្នាទាំងរស់ទៀត (មានវីដេអូ)

ប្រភពដើម ខ្មែរឡូត
ចិន៖ វីដេអូឃ្លីបដ៏រន្ធត់មួយ ត្រូវបានថតឡើងដោយអ្នកស្រុកជនជាតិចិនមួយក្រុម អំពីសកម្មភាពរបស់ពួកគេ កំពុងតែដាំទឹកក្តៅស្រុះសត្វសុនខ ជាប់ចំណងមួយក្បាលទាំងរស់ នៅក្នុងខ្ទះដ៏ធំមួយ មើលទៅពិតជាគួរឲ្យអាសូរបំផុត។

វីដេអូនេះត្រូវបានគេជឿជាក់ថា  មានទីតាំងស្ថិតនៅក្នុងខេត្តហឺណាន ប្រទេសចិន ហើយយកទៅបង្ហោះក្នុងបណ្តាញអ៊ិនធើណេត។ ក្នុងនោះបានបង្ហាញបុរសបីនាក់ ឈរនៅជុំវិញខ្ទះធំមួយដែលមានទឹកក្តៅកំពុងពុះ ដាក់នៅខាងលើភ្លើង។

តាមរយៈវីដេអូនោះ ដំបូងឡើយយើងអាចមើលដឹងថា ពួកគេទាំងនោះទំនងជាកំពុងតែចម្អិនម្ហូបអ្វីមួយ ប៉ុន្តែបន្តិចក្រោយមក ចានដែកដែលគ្របពីលើខ្ទះនោះ ក៏ចាប់ផ្តើមកម្រើកឡើង។ រំពិចនោះបុរសម្នាក់ក៏បានលើកចានដែកនោះឡើង ក៏ឃើញសត្វសុនខមួយក្បាលដែលត្រូវគេចងជើងជាប់ កំពុងតែរើបម្រាស់នៅក្នុងទឹកក្តៅ ទាំងក្តីឈឺចាប់បំផុត។

បន្ទាប់ពីសត្វសុនខនោះត្រូវបានគេដាក់ស្រុះនៅក្នុងទឹកក្តៅ រយៈពេល២ទៅ៣នាទីរួចមក បុរសប៉ុន្មាននាក់នោះក៏បានស្រង់វាចេញដាក់ទៅក្នុងចានដែកមួយដែលនៅក្បែរនោះ រួចក៏ចាប់ផ្តើមបោចរោមរបស់វាទាំងនៅមានជីវិតនៅឡើយ ដោយគ្មានក្តីមេត្តានៅក្នុងខ្លួនអ្វីបន្តិចសោះ។

ក្រោយពីបោចរោមបានពាក់កណ្តាលពួកគេក៏ស្រាយចំណង ដែលចងជើងសុនខនោះ ហើយភ្លាមៗនោះវាក៏បានក្រោកឡើង  និងរត់យ៉ាងលឿនចេញទៅ ក្រែងបានរួចជីវិត។ តែទោះជាយ៉ាងណាវាមិនច្បាស់ទេថា តើបុរសទាំងនោះចង់ព្យាយាមធ្វើអ្វីឲ្យពិតប្រាកដចំពោះសុនខនោះ ព្រោះបន្ទាប់ពីវារត់ចេញទៅ មិនមាននរណាម្នាក់តាមចាប់វាមកវិញនោះទេ។

គួរបញ្ជាក់ថា ចំពោះវីដេអូមួយនេះ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ពីពេលវេលា និងទីកន្លែងពិតប្រាកដ ដែលត្រូវបានថតនោះដែរ ដោយត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រ វីដេអូបែកធ្លាយ Liveleak កាលពីថ្ងៃអង្គារ។

យោងតាមអង្គការមិនរកប្រាក់ចំណេញមួយ ដែលប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់សុនខបានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វសុនខជាង ១០លានក្បាល ត្រូវបានសម្លាប់នៅក្នុងប្រទេសចិនដើម្បីធ្វើការជួញដូរ។ ពួកវាត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ មុនពេលវាត្រូវគេសម្លាប់ ដោយសារតែជំនឿតាំងពីបុរាណថា ការធ្វើបែបនេះសាច់វានឹងមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត  រួមទាំងការកើនឡើងចំណង់ផ្លូវភេទរបស់បុរសថែមទៀតផង៕