លើកដៃធ្វើទៅរួច! ឃើញគ្មានអ្នកនៅផ្ទះ ចូលបន្លំខ្សែ.ក លោកតាអាយុជាង ៧០ឆ្នាំ រត់គេចខ្លួនបាត់ ទុកឲ្យកូនស្រីចេញមុខដោះស្រាយ

ភ្នំពេញ៖ ឃើញលោកតានៅបន្ទប់ជួលតែម្នាក់ឯង ត្រូវស្រ្តីម្នាក់ចូលទៅសុំខ្សែកលោកតាមើល យកខ្សែកកាឡៃ ទៅលួចប្តូរយកខ្សែមាសរបស់លោកតា យកទៅបាត់ ២៤ថ្ងៃទើបកូនស្រីចេញមុខធានាសងវិញ ដែលហេតុការណ៍នេះ កើតឡើងវេលាម៉ោង ៨យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៧នេះ នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីជាជនសង្ស័យលួចបន្លំយកខ្សែកលោកតា មានឈ្មោះ នៃ សុខុម អាយុ ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិប៉ាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកលោកតារងគ្រោះ មានឈ្មោះ គង់ សាត អាយុ ៧៤ឆ្នាំ ចាស់ជរាមានជំងឺលើសឈាមប្រចាំកាយ និងត្រចៀកធ្ងន់ ស្នាក់នៅជាមួយកូនស្រី ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅបន្ទប់ជាប់គ្នាជាមួយស្រ្តីសង្ស័យ មានស្រុកកំណើត ភូមិចែងមែង ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ខ្សែកដែលស្រ្តីឆបោកយកទៅបាត់ ជាខ្សែកមាស ២ជី ។ ដោយឡែក កូនស្រីរបស់ស្រ្តីសង្ស័យ ក្រោយកើតហេតុ ២៤ថ្ងៃ បានចេញមុខមកធានាចេញសងទាំងស្រុង មានឈ្មោះ អិន រស្មី អាយុ ២៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។ប្រភពព័ត៌មានពីលោកតារងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២និង២៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងនេះ កូនចៅរបស់គាត់ ជាប់រវល់ទៅច្រូកស្រូវនៅស្រុកកំណើតអស់ហើយ នៅសល់តែរូបគាត់ មានជំងឺប្រចាំកាយ លើសឈាម និងត្រចៀកធ្ងន់នៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែមានស្រ្តីម្នាក់ ស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នា បានប្រើល្បិច សុំមើលខ្សែកមាសលោកតា រួចបានបន្លំប្តូរយកខ្សែកកាឡៃឲ្យលោកតាវិញ ពេលលោកតាពាក់ ខ្សែកទៅដឹងថាខ្សែកវែងខុសពីមុន ក៏រកស្រ្តីខាងលើដើម្បីប្តូរខ្សែកវិញ ប៉ុន្តែស្រ្តីរូបនោះ គេចខ្លួនបាត់ រហូតទាល់តែកូនត្រឡប់មកពីស្រុកកំណើតវិញបានយកខ្សែកទៅឲ្យជាងមើល ទើបដឹងថាជាខ្សែកកាឡៃ ។

ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ អស់រយៈពេល ២៤ថ្ងៃកន្លងមកហើយ ជនសង្ស័យនៅតែបន្តគេចខ្លួន ចំណែកលោកតា ក្រោយកើតហេតុ ធ្លាក់ខ្លួនឈឺ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ប៉ុន្តែកូនស្រីរបស់ស្រ្តីឆបោក បានធានាថាសងប្រាក់វិញ ដោយធ្វើកិច្ចសន្យាត្រឹមភូមិរួចរាល់ហើយ នៅតែមិនឃើញកូនស្រីស្រ្តីឆបោកសងទៀត ទើបនៅវេលាម៉ោង ៨យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ កូនរបស់លោកតាបាននាំកូនស្រីរបស់ ស្រ្តីឆបោកទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលចោមចៅ ដោយធ្វើកិច្ចសន្យាសងប្រាក់ចំនួន ៣០០ដុល្លារ ប៉ុន្តែកូនស្រីរបស់ស្រ្តីឆបោកសងប្រាក់ ១០០ដុល្លារសិន ថ្ងៃក្រោយទើបសង បន្តទៀតគ្រប់ចំនួន ៕ សហការី KBN-live.com

Loading...