នារី​កាត់ដេរ​ម្នាក់ ​ចង.ក​ សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ផ្ទះ​ជួល ​ព្រោះ​តូច​ចិត្ត​គ្មាន​ប្រាក់​ផ្តល់​ឲ្យ​ឪពុកម្តាយ​

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ​នេះ​មាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទួល​រកា​ សង្កាត់ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ បាន​រាយការណ៍​មក​ថា មាន​នារី​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ចង.ក ​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះជួល ​ក្នុងភូមិ​ទួល​រកា​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់។​

លោក​ចៅសង្កាត់​បាន​បន្ត​ថា​ នារី​រងគ្រោះ​ឈ្មោះ​ខន ស៊ី​ម៉ា​ អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ក្រាងរ​យ៉ង ឃុំ​ក្រាំងរ​យ៉ង ​ស្រុក​ពាម​ជរ​ ខេត្តព្រៃវែង​ និង មក​ស្នាក់នៅ​បន្ទប់​ជួល​ដែល​ស្ត្រី​រងគ្រោះ​ធ្វើ​អត្តឃាត។
លោក​ជា សុ​ខៃ បាន​ឲ្យ​ដឹង​ទៀត​ថា ​កន្លងមក​ស្ត្រី​រងគ្រោះ​ចេះតែ​ត្អូញត្អែរ​ថា ​ខ្លួន​អត់​មាន​ប្រាក់​ផ្ញើទៅ​ឲ្យ​ឪ​ពុក​ម្តាយ​នៅឯ​ស្រុកកំណើត​ ខ​ណៈ​ដែល​គាត់​ចេះតែ​ទូរ​ស័ព្ទ​មក​សាកសួរ​រាល់​លើក​ ហើយ​ប្រភព​នេះ ​លោក​បាន​ទទួល​ពី​បងប្អូនជីដូន​សព​ដែល​ប្រាប់​នគរបាល​ប៉ុស្តិ៍។

នគរបាល​បាន​និយាយ​ថា ​ស្ត្រី​រងគ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ប្រាកដ​មែន​ ដោយសារតែ​ពិនិត្យ​ឃើញ​បន្ទប់​ជួល​របស់​នាង​ បាន​ចាក់សោ​ពី​ខាងក្នុង​ ហើយ​ទាល់​តែ​គាស់​ទើប​ចូល​បាន។

មិត្តភក្ដិ​នារី​គិត​ខ្លី​ខាងលើ​បាន​និយាយ​ថា ​គ្រាន់តែ​អត់​លុយ​ផ្ញើ​ទៅ​ឲ្យ​ឪពុកម្តាយ​នៅ​ឯ​ស្រុក មិនគួរ​កើត​រឿង​ធ្វើអត្តឃាត​យ៉ាង​ដូច្នេះ​សោះ​៕ប្រភព៖kampucheathmey