អ្នក​រស់នៅ​តំបន់​អង្គរ​ត្រូវ​រួម​គ្នា​ថែរក្សា​អភិរក្ស​និង​អភិវឌ្ឍ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​អង្គរ​មាន​ផ្ទៃដី​៤០១​ម៉ែត្រក្រឡា មាន​១១២​ភូមិ ២១​ឃុំ​-​សង្កាត់ និង​៥​ស្រុក​-​ក្រុង ។ តំបន់​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មាន​តួនាទី​ភារកិច្ច​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ​លេខ ០០១​ន​ស ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តី​ពី​ការ​កំណត់​និង​ការ​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ ។ ស្រប​តាម​ខ្លឹមសារ​នេះ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​ដើម្បី​ផ្សព្វផ្សាយ​ពី​តួនាទី​ភារកិច្ច និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​យល់ ។ ដូច្នេះ​តើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​មាន​សិទ្ធិ​អ្វីខ្លះ​លើ​ដីធ្លី​របស់​ខ្លួន ?

ឆ្លើយ​តប​នឹង​សំណួរ​ខាងលើ​នេះ លោក​សុខ ល​ក្ខិ​ណា ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុមការងារ​សហគមន៍​ប្រចាំ​ស្រុក​ប្រាសាទបាគង​បាន​លើក​អំពី​សេចក្តីសម្រេច លេខ​៧០​សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តី​ពី​ការ​កំណត់​បទដ្ឋាន​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១​និង​តំបន់​២​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សៀមរាប​អង្គ​រថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ​៣​យ៉ាង​ក្នុង​ការ​ចាត់ចែង​គ្រប់គ្រង​ដីធ្លី ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​តាំងពី​ដូនតា​មក ។ លោក​បាន​ពន្យល់​នូវ​សិទ្ធិ​ទាំង​៣​យ៉ាងនោះ​ថា ៖

ទី​១-​សិទ្ធិ​រស់នៅ គឺ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​តាំងពី​ដូនតា​មក បងប្អូន​មាន​សិទ្ធិ​រស់នៅ​បន្ត​ទៅ​ទៀត​បាន ។ គ្មាន​បុគ្គល​ណា​ម្នាក់​អាច​មក​ដកហូត​ដីធ្លី ឬ​បញ្ឈប់​បងប្អូន ឬ​ក៏​បណ្តេញ​បងប្អូន​មិន​ឲ្យ​រស់នៅ​លើ​ដី​នោះ​តទៅ​ទៀត​បាន​ឡើយ ។ ប្រជាពលរដ្ឋ​ចាស់​មាន​សិទ្ធិ​រស់នៅ​តកូនតចៅ​ត​ផៅសន្តាន​បន្ត​ទៀត​បាន ។

ទី​២-​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រុះរើ​ផ្ទះ​ចាស់​ធ្វើ​ផ្ទះ​ថ្មី ជួសជុលផ្ទះ ពង្រីក​ផ្ទះ​ជាដើម​ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ជា​មុន​សិន ។ ចំណែក​សំណង់ តូច​ៗ​មួយ​ចំនួន​វិញ មាន​ដូច​ជា ការ​សាងសង់​បង្គន់ ធ្វើ​រោង​គោ រោង​មាន់ រោង​ទា ទ្រុង​ជ្រូក​ជាដើម ប្រជាពលរដ្ឋ​មិន​ចាំបាច់​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ដែរ ។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ទៅ​មើល​ស្ថានភាព​ផ្ទាល់​ដល់​មូលដ្ឋាន​ជាក់ស្តែង ហើយ​អនុញ្ញាត​ឲ្យ​សាងសង់​តែ​ម្តង ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ពី​ក្រៅ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង​ឡើយ ។

ទី​៣-​សិទ្ធិ​គ្រប់គ្រង និង​សិទ្ធិ​ចាត់ចែង​ដីធ្លី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ​ចែក​ដីធ្លី​ដល់​កូនចៅ​របស់​ពួក​គាត់​បាន ប៉ុន្តែ​កូនចៅ​ពួក​គាត់​មិន​អាច​សាងសង់​សំណង់ ផ្សេង​ៗ​លើ​ដីធ្លី​ចែក​នោះ​បាន​ឡើយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ដី​មួយ​កន្លែង​នៅ​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ ស្ថិត​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ទុក​សម្រាប់​ចែក​ជូន​ពួក​គាត់​សាងសង់​ផ្ទះ​និង​ធ្វើ​កសិកម្ម ។

ចំពោះ​សិទ្ធិ​លក់ដូរ​វិញ ពួក​គាត់​អាច​លក់ដូរ​បាន ប៉ុន្តែ​អ្នក​ដែល​សិទ្ធិ​ទិញ​ដី​នោះ​បាន គឺ​មាន​តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​គ្នា​ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​ក្រៅពី​ភូមិ​ផង​របង​ជាមួយ​គ្នា​នេះ​មិន​មាន​សិទ្ធិ​ទិញ​ដី​នោះ​បាន​ទេ ។ ប៉ុន្តែ​ហាមឃាត់​លើ​សកម្មភាព​ទិញ​លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យក​ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន ឬ​បុគ្គលិក ឬ​ក៏​ការ​ទិញ​លក់​ដី​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន​ខារ៉ាអូខេ​ជាដើម ។

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ចុះ​ផ្សព្វផ្សាយ​ពី​តួនាទី​ភារកិច្ច និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ជា​ប្រចាំ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​កាន់តែ​ច្បាស់លាស់​ឡើង ហើយ​រួម​គ្នា​ជួយ​ថែរក្សា ការពារ អភិរក្ស​និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​និង​គួរ​ឲ្យ​ទាក់ទាញ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​ទុក​ដល់​មនុស្សជាតិ​ជំនាន់​ក្រោយ​ទៀត ៕
6b010e3b-be23-45a6-b334-b31d0051e1cf

Loading...