មជ្ឈមណ្ឌល​«​សំ វាសនា​»​ឈាន​ទៅ​ដណ្ដើម​ពានរង្វាន់​ទេសចរណ៍​ពិភពលោក

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល «​សំ វាសនា​» បាន​ជាប់​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ចុង​ក្រោយបង្អស់​ចំនួន​១៣​ស្ថាប័ន ដែល​នឹង​ឈាន​ទៅ​ដណ្តើម​យក​ពានរង្វាន់​ទេសចរណ៍​ពិភពលោក​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ការ​ឆ្លង​ទៅ​វគ្គ​ចុង​ក្រោយ​របស់​មជ្ឈមណ្ឌល «​សំ វាសនា​» បាន​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​ផែនទី​សាកលលោក​សម្រាប់​ទេសចរណ៍ធម្មជាតិ​មើល​សត្វ​ស្លាប និង​សត្វព្រៃ​ផ្សេង​ៗ ។

មជ្ឈមណ្ឌល «​សំ វាសនា​» បាន​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់​ក្នុង​ការ​រួមចំណែក​សំខាន់​បំផុត​ចំពោះ​ការងារ​អភិរក្ស​សត្វព្រៃ ដែល​បាន​លាតត្រដាង​នូវ​តួនាទី​ដ៏​សំខាន់​ដែល​វិស័យ​ទេសចរណ៍ធម្មជាតិ​អាច​មាននៅ​ក្នុង​ការ​អភិរក្ស​សត្វព្រៃ និង​ថែរក្សា​ទីជម្រក​ធម្មជាតិ​របស់​ពួក​វា​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក ។

មជ្ឈមណ្ឌល «​សំ វាសនា​» បាន​ឆ្លងកាត់​ដំណើរការ​វាយតម្លៃ​យា​៉​ង​ហ្មត់ចត់​ដោយ​ជោគជ័យ ហើយ​ឥឡូវនេះ​បាន​ក្លាយជា​បេក្ខភាព​មួយ​ឈាន​ទៅ​ប្រកួតប្រជែង​យក​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក នៅ​ក្នុង​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ទៅ​លើ​ការងារ​ផ្នែក​អភិរក្ស​សត្វព្រៃ ។ គំរូ​បែប​ច្នៃប្រឌិត បំផុសគំនិត និង​ការ​អនុវត្ត​ឡើង​វិញ​ទាំង​អស់នេះ គឺជា​លក្ខណៈ​វិនិច្ឆ័យ​ដ៏​សំខាន់​ដើម្បី​ឈាន​ដំណើរ​ឆ្ពោះទៅ​វគ្គ​ចុង​ក្រោយ​នៅ​ក្នុងឆ្នាំនេះ ហើយ​ការ​អនុវត្ត​ដែល​ប្រកប​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​ចំពោះ​ការងារ​អភិរក្ស តាម​រយៈ​គម្រោង​ទេសចរណ៍ធម្មជាតិ​ទាំង​អស់នេះ ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​ដែល​មជ្ឈមណ្ឌល «​សំ វាសនា​» បាន​សហការ​ជាមួយ ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា (WCS) ទទួល​បាន​នូវ​ការ​សាទរ​ចំពោះ​ជោគជ័យ​កន្លង​មក​សម្រាប់​ការងារ​អភិរក្ស ។

ប្រទេស​កម្ពុជា ផ្តល់​ជាទី​ជម្រក​ដល់​សត្វព្រៃ និង​សត្វ​ស្លាប​ដទៃ​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​រងគ្រោះថ្នាក់​ជា​សាកល រាប់​ចាប់តាំងពី​សត្វ​ត្រយង​យក្ស​ដែល​ជា​សត្វ​ស្លាប​អត្តសញ្ញាណ​ជាតិ រហូត​ដល់​សត្វ​រមាំង​ដែល​អាច​ឃើញ​វា​បាន​ដោយ​ផ្ទាល់​ភ្នែក​តាម​រយៈ​ដំណើរ​ទស្សនកិច្ច ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល «​សំ វាសនា​» តែ​ប៉ុណ្ណោះ​។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជាទី​ជម្រក​ដល់​ប្រភេទ​សត្វ សំខាន់​ៗ​ដែល​ពួក​វា​បាន​បាត់បង់​ទីជម្រក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ។ តាម​រយៈ​ការ​ចូលរួម​ដំណើរ​ទស្សនកិច្ច​មើល​សត្វ​ស្លាប និង​សត្វព្រៃ​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ធ្វើការ​យា​៉​ង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​នៅ​តាម​តំបន់​ជនបទ​ដែល​ងាយ​រង​គ្រោះ មជ្ឈមណ្ឌល សំ វាសនា និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ បាន​សិក្សា​ស្រាវជ្រាវ​វាស់វែង​អំពី​ស្ថិរភាព ក៏​ដូច​ជា​កំណើន​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត និង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាដើម​។ គំរូ​ទេសចរណ៍ធម្មជាតិ​របស់​មជ្ឈមណ្ឌល សំ វាសនា នេះ​បាន​ផ្តល់​ជា​ប្រយោជន៍​ទៅ​ដល់​ការងារ​អភិរក្ស​ដោយ​ផ្ទាល់​ទៅ​សហគមន៍ តាម​រយៈ​ការងារ​អភិរក្ស​នេះឯង ។ វា​កើតឡើង​តាម​រយៈ​ការ​បង់​ជា​ប្រាក់​ទៅ​ឱ្យ​សហគមន៍ នៅ​ពេល​ដែល​ពួក​គេ​បានឃើញ​សត្វព្រៃ​ណាមួយ​តម្រូវ​ឱ្យ​ពួក​គេ​ជូន​ភ្ញៀវ​ទៅ​មើល​សត្វ​នោះ និង​បម្រើសេវា​កម្ម​នានា​នៅ​ក្នុង​សហគមន៍ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​កម្រៃ​ពី​ភ្ញៀវ​ទេសចរ​ទាំងនោះ ។

លោក Johnny Orn ប្រធាន​មជ្ឈមណ្ឌល សំ វាសនា បាន​និយាយ​ថា «​ការ​ឈាន​ឆ្ពោះទៅ​កាន់​វគ្គ​ចុង​ក្រោយ​នេះ​បាន​ជួយ​ឱ្យ​ប្រទេស​កម្ពុជា មានឈ្មោះ​លើ​ផែនទី​ទេសចរណ៍​ពិភពលោក​ដែល​បង្ហាញ​អំពី​ទេសចរណ៍​មើល​សត្វ​ស្លាប និង​សត្វព្រៃ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ដែល​វា​បាន​បន្ថែម​ទៅ​លើ​អ្វី​ដែល​កម្ពុជា​ល្បី​រួច​មក​ហើយ ។ វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សារសំខាន់​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា និង​ជោគជ័យ​សម្រាប់​ការងារ​អភិរក្ស​តាម​រយៈ​ទេសចរណ៍​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ នៅ​ពេល​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​មើល​សត្វព្រៃ​របស់​យើង នោះ​សត្វព្រៃ​ជា​ច្រើន​នឹង​ទទួល​បាន​នូវ​ការ​ការពារ ហើយ​សហគមន៍​ជា​ច្រើន​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ដោយ​ផ្ទាល់​ផង​ដែរ​» ។

បណ្ឌិត Ross Sinclair នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ និយាយ​ថា «​ក្នុង​នាម​ជា​បេក្ខភាព​ចុង​ក្រោយ​មួយ​ដើម្បី​ប្រកួតប្រជែង​យក​ពានរង្វាន់​ទេសចរណ៍​ពិភពលោក ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នោះ គឺជា​ការ​ទទួលស្គាល់​ទៅ​លើ​គុណភាព និង​ប្រសិទ្ធភាព​របស់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​របស់​មជ្ឈមណ្ឌល សំ វាសនា​។ ដូចដែល​បានឃើញ​តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​អង្គការ​សមាគម​អភិវឌ្ឍ​សត្វព្រៃ​ដើម្បី​ធានា​លទ្ធភាព​ចំពោះ​ការងារ​អភិរក្ស ។ ចំណែក​ការ​ធ្វើការ​ជាមួយ​សហគមន៍​វិញ គឺ​ដើម្បី​ធានា​នូវ​ផលប្រយោជន៍​ធម្មជាតិ​ដោយ​មានការ​ទទួលខុសត្រូវ​ផង​ដែរ » ។

លោកគ្រូ Harold Goodwin ប្រធាន​គណៈកម្មការ​វាយតម្លៃ និយាយ​ថា «​ឆ្នាំ​នេះ​យើង​មាន​បេក្ខភាព ខ្លាំង​ៗ​ជា​ច្រើន​ផង​ដែរ ។ សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អង្គការ​ដែល​ជា​បេក្ខភាព នីមួយ​ៗ​ទទួល​បានការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​ចៅក្រម ដោយ​រួម​បញ្ចូល​គ្នា ជាមួយនឹង​គំនិត​ទេសចរណ៍ធម្មជាតិ​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ការងារ​អភិរក្ស និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ។ ពួក​គេ​ឆ្លងកាត់​ដំណើរការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ពានរង្វាន់​នេះ និង​ក្លាយជា​មេដឹកនាំ​អន្តរជាតិ​នៅ​ក្នុង​វិស័យ​របស់​ខ្លួន​» ៕

Loading...