វិធី​បំបាត់​អាការៈ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ

ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ បញ្ហា​ឆ្អល់​ក្តៅ​ចុងដង្ហើម ជា​អាការៈ​ទូទៅ ហើយ​អ្នក​អាច​ទទួលទាន​អាហារ​បាន​យ៉ាងឆ្ងាញ់​រយៈពេល ៣ម៉ោង​ក្រោយពេល​ទទួលទាន​រួច។ បន្ទាប់ពី​នោះ អាការៈ​ក្រហាយ​ក្នុង​ទ្រូង បំពង់​ក និង​ជូរ​ក្នុង​មាត់​នឹង​កើតឡើង។ ទាំងនេះ​ជា​រោគសញ្ញា​នៃ​ជំងឺ​ឆ្អល់​ក្តៅ​ចុងដង្ហើម។ ក្នុង​កំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ការមាន​ផ្ទៃពោះ ជា​ពេល​ដែល​អ្នក​ងាយនឹង​កើត​អាការៈ​ឆ្អល់​ក្តៅ​ចុងដង្ហើម ព្រោះ​ស្បូន​កាន់តែ​រីក​ធំ​ឡើង។ វា​បណ្តាល​ឱ្យ​អាស៊ីត​ចាល់​ត្រលប់​ទៅ​បំពង់​អាហារ​វិញ។

ខាងក្រោម​នេះ​ជា​វិធី ៧យ៉ាង​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន៖

អាហារ
ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់ ហិល និង​ចៀន។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខ្សោយ​បំពង់​អាហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​អាហារ​ចាល់​មក​បំពង់​អាហារ​វិញ ធ្វើឱ្យ​មាន​កំណើនឡើង​នៃ​អាស៊ីត​ក្រពះ។ កាហ្វេ និង​ភេសជ្ជៈ​កាបូណាត​ក៏​បណ្តាលឱ្យ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ដែរ។

ឥរិយាបថ​នៃ​ការគេង
ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​គួរ​គេង​ដាក់​ក្បាល និង​ស្មា​ឱ្យ​ខ្ពស់ ដូច្នេះ​ខ្លួន​អ្នក​នឹង​ខ្ពស់ជាង​ជើង។ វិធី​នេះ​ជួយ​បញ្ឈប់​ពី​ការចាល់​អាស៊ីត​ទៅ​បំពង់​អាហារ។ វា​ក៏​ជួយ​ឱ្យ​អ្នក​ដក​ដង្ហើម​បាន​ស្រួល។

ញ៉ាំ​តិច តែ​ញឹកញាប់
អាហារ ៣ពេល​ក្នុង ១ថ្ងៃ​អាច​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ឆ្អល់​ក្តៅ​ចុង​ដង្ហើម ទាំង​អ្នក​មាន​ផ្ទៃពោះ និង​អ្នក​គ្មាន។ ការទទួលទាន​អាហារ​តិច តែ​ញឹកញាប់​ពេញ​មួយ​ថ្ងៃ មិន​ត្រឹមតែ​ជួយ​ប្រឆាំង​នឹង​អាស៊ីត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​បំបាត់​អាការៈ​ចាញ់​កូន​ផងដែរ។ ត្រូវ​ទទួលទាន​អាហារ​ចុងក្រោយ​របស់​អ្នក​ឱ្យ​បាន​មុន ៣ម៉ោង​មុនពេល​ចូល​គេង។

កុំ​គេង​ភ្លាម​ក្រោយ​ពេល​អាហាររួ​ច
ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ការញ៉ាំ​អាហារ​ធ្វើឱ្យ​អ្នក​ហត់ ហើយ​ចង់​គេង​ភ្លាម​ក្រោយ​ពេល​ញ៉ាំ​វា​រួច ប៉ុន្តែ​កុំ​ធ្វើ​បែប​នេះ ត្រូវរ​ង់ចាំ​រយៈពេល​យ៉ាងហោចណាស់ ៦០នាទី​ក្រោយ​ពេល​អាហារ​រួច។ ប្រសិនបើ​អ្នក​គេង ត្រូវ​គេង​បែរ​ទៅ​ឆ្វេង។ ការគេង​បែរ​ឆ្វេង អាស៊ីត​ក្រពះ​ធ្វើ​ដំណើរ​ទៅកាន់​ពោះវៀន​បាន​លឿន និង​គេច​ផុត​ពី​ការចាល់​អាស៊ីត។ វា​ក៏​អាច​ជួយ​បង្កើន​លំហូរ​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​ឱ្យ​សុក និង​ទារក​របស់​អ្នក​ផងដែរ។

ស្លៀក​សម្លៀកបំពាក់​រលុងៗ
សម្លៀកបំពាក់​តឹង​ពេក ធ្វើឱ្យ​បង្កើន​សម្ពាធ​ដល់​ក្បាលពោះ ធ្វើឱ្យ​ងាយ​ចាល់​អាស៊ីត។ ហើយ​អ្នក​ក៏​ត្រូវ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន វា​នឹង​ជួយ​ឱ្យ​អាស៊ីត​ធ្លាក់​ចុះ។

ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់
ទទួលទាន​ទឹក​ឱ្យ​បាន ៨-១០កែវ​ក្នុង ១ថ្ងៃ ដើម្បី​រក្សា​ជាតិ​ទឹក និង​សុខភាព​របស់​អ្នក។ ប្រយ័ត្ន មិន​គួរ​ផឹក​ទឹក​ច្រើនពេក​ក្នុង​ម៉ោង​អាហារ​ឡើយ។ ការផឹក​ទឹក​ច្រើន​ក្នុង​ពេល​អាហារ​អាច​ធ្វើឱ្យ​រីក​ក្រពះ ដាក់​សម្ពាធ​លើ​បំពង់​អាហារ និង​បណ្តាលឱ្យ​ចាល់​អាស៊ីត។

ទំពារ​ស្ករ​កៅស៊ូ
ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ការទំពារ​ស្ករ​កៅស៊ូ​បាន​ជួយ​ដល់​លំហូរ​ទឹក​មាត់ អាច​កាត់បន្ថយ​កម្រិត​អាស៊ីត​ក្នុង​បំពង់​អាហារ និង​ការពារពី​ការចាល់​អាស៊ីត៕

Loading...