បុណ្យ​កាន់បិណ្ឌ​ឆ្នាំ​នេះ ​តារា​ល្បី​ៗ​ឈ្លោះ​គ្នា​ផ្អើល​ពិភព​សិល្បៈ(មានវីឌីអូ)

ប្រភពដើម៖ kqube
សិល្បៈ ៖ ពិធីបុណ្យដាក់បិណ្ឌឆ្នាំនេះសិល្បករ សិល្បការិនីបានកៀរគរគ្នាធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅតាមទីវត្តអារាមយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែស្របពេលដែលពិធីបុណ្យកាន់បិណ្ឌចូលមកដល់មានតារាល្បីឈ្មោះបួនរូបបានកុងពាក្យសម្ដីគ្នាធ្វើឱ្យផ្អើលអ្នកសិល្បៈ និងទស្សនិកជន។ គូជម្លោះទាំងបួនរូបនេះមាន សុខ ពិស ជាមួយ លី អ៊ីវ៉ាធីណា និង ចន ច័ន្ទលក្ខិណ ជាមួយតារាភេទទីបីកញ្ញា ស្រីពៅ មុខឈើ រហូតមានអ្នកលេងបណ្ដាញសង្គមសហ្វេសប៊ុកមួយចំនួនបានផ្គូផ្គងថា គូជម្លោះទីមួយ និងទី០២ សុទ្ធតែជាគូពិសេសថែមទាំងផង។
chon
គូទី០១ ៖ ចន ច័ន្ទលក្ខិណា និង ស្រីពៅ មុខឈើ
កាលពីថ្ងៃទី១៧ កញ្ញានេះតារាកំប្លែងដែលមានរហស្សនាមថា ស្រីពៅ មុខឈើ បានកើតមានជម្លោះផ្លែផ្កាឌឺដងពាក្យសម្ដីជាមួយរៀមច្បងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលផ្ដើមចេញពីការចូលរួមកម្មវិធីប្រគំតន្ត្រីមនុស្សធម៌នៅសាកលវិទ្យាល័យ ន័រតុន ស្វែងរកប្រាក់ជួយមន្ទីរពេទ្យ គន្ធបុប្ផា។ សកម្មភាពកុងគ្នានេះតារាកំប្លែង ស្រីពៅ បានផ្លែផ្កាឲ្យតារាល្បីៗដែលមកចូលរួម កម្មវិធីយឺតថា “តារាសិល្បៈល្បីៗខ្លះមិនគោរពពេលវេលា” ជាហេតុធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹងជាខ្លាំង ដោយនាងយល់ថា ការនិយាយបែបនេះ គឺសំដៅលើរូបនាង ដែលបានមកយឺត។

ការផ្លែផ្កានេះ ចន ច័ន្ទលក្ខិណា ក៏បានឆ្លើយតបភ្លាមៗវិញថា “រឿងនិទានពេលយប់ ដូចជាមានខ្យល់ព្យុះ ពីតាខ្មៅមកថា មានអ្នកជិះឡានទើបទិញថ្មី ទៅនិយាយរឿងព្រឹកមិញ ឡើងបែកផ្សែង យើងអត់មាននិយាយ អីពីអ្នកឯងទេ សម្រាប់យើងបើចប់ គឺចប់ហើយ តែវាដូចជាដើរប្រកូកប្រកាស ដូចខ្យល់ព្យុះ ម៉េចមិនសុខចិត្តមែន? បើមិនសុខចិត្តចាំយើង ប្រកាសព័ត៌មានជូន ប្រយ័ត្នយើងបកអាក្រាតវិញវើយ យើងមិនចេះខ្លាចអ្នកណាទេ ខ្ញុំអត់មានខ្នងអាង ដូចអ្នកទេ ព្រោះខ្ញុំជាមនុស្សធម្មតា មិន Hight Show តែខ្ញុំមានសន្តិភាពក្នុងចិត្ត ពីមុនពួកយើងសុខចិត្ត មិនមាត់ ហើយដើរចេញ តែមិនប្រាកដថា ពួកយើងធ្វើចិត្តបានដូចមុនទេ យើងចូលចិត្តបង្កើតតែមិត្តទេ មិនដូចអ្នកចូលចិត្ត បង្កើតសត្រូវឡើយ”។

ចន ច័ន្ទលក្ខិណា បានបន្តថា “មនុស្សដូចអ្នក សូម្បីតែមិត្តភ័ក្ដិជិតដិត ក៏និយាយដើមបង្កាច់បង្ខូចដែរ និយាយដើមយើង និងអ្នកសិល្បៈគ្រប់គ្នាច្រើនដងពេកហើយ ហើយអា ចរិតឌឺដងសម្លក់សម្លឹងហ្នឹង បើឈប់បានក៏ឈប់ទៅ ក្រែងមានថ្ងៃមួយពួកក្មេងៗគេព្រួតវ៉ៃ ព្រោះតាមដឹងមានគេគុំចង់វ៉ៃ ច្រើននាក់ណាស់ យើងអត់ចូលចិត្ត ការវ៉ៃគ្នាទេ តែបើចង់ខ្ញុំមានអ្នកជួយវ៉ៃកំដរ អាច្រមុះសិប្បនិម្មិតថ្នមៗវាបន្តិចទៅ ប្រយ័ត្នបានដូរថ្មី ពិបាកអស់លុយធ្វើសារថ្មី ពួកក្មេងៗឆេវឆាវណាស់ណា វាមិនយល់ពីចាស់ទេ ហើយមាត់ហ្នឹង ពាក់ស្បែកជើងលេខប៉ុន្មានដែរ ? កុំស្មានថា គេមិនដឹងថា ខ្លួនជាមនុស្សបែបណា អាប្រភេទស្វាលួចស៊ីបាយលាបមាត់ពពែ នៅមុខប្រពន្ធគេ និយាយដើមអ្នកសិល្បៈអាក្រក់ទាំងអស់ តែធាតុពិតនាំស្រីឲ្យប្តីពួកបងៗទេ បងៗខំជឿគេទៅ ស្រីជាប្រពន្ធទាំងឡាយអើយ តាមពិតពស់ក្បាលពីរ ដែលធ្វើឲ្យគ្រោះថ្នាក់បំផុត គឺគេហ្នឹងហើយ”។

គូទី០២៖ សុខ ពិសី និង លី អ៊ីវ៉ាធីណា

ការបញ្ចេញពាក្យសម្ដីជាវីដេអូផ្លោងបាក់គ្នារវាង តារាចម្រៀងល្បីឈ្មោះ សុខ ពិសី និង លី អ៊ីវ៉ាធីណា ដែលបានយកប្រព័ន្ធ Youtube ធ្វើជាទីលានវាយប្រហារដាក់គ្នានោះ ដើមចមនៃរឿងនេះដោយសារ លី អ៊ីវ៉ាធីណា និយាយសរសើរ និងរិះគន់បេក្ខនារីម្នាក់ដែលបានឡើងប្រលងចម្រៀងក្នុងកម្មវិធី “ដូច ឬមិនដូច” ដែលអ្នកប្រលងរូបនោះបានលើកយកបទចម្រៀង សុខ ពិសី មកច្រៀងត្រាប់តាម ហើយពេលបញ្ចប់ ត្រូវបានគណៈកម្មការ លី អ៊ីវ៉ាធីណា និយាយថា “ប្អូនស្រីច្រៀងបានពីរោះជាងម្ចាស់ដើម ប៉ុន្តែប្អូនច្រៀងមិនត្រូវភ្លេង” ។

មតិវាយតម្លៃនេះធ្វើឱ្យ សុខ ពិសី ចេញវីដេអូទាំងយប់ឆ្លើយតបថា ជាការដៀមដាមមកនាងដែលជាម្ចាស់ដើម ហើយក៏ជាការឈ្នានីសផងដែរ ។ ក្នុងវីដេអូនេះ សុខ ពិសី ក៏បានវាយតបពាក្យសម្ដីធ្ងន់ៗតបទៅ លី អ៊ីវ៉ាធីណា ផងដែរ ប៉ុន្តែមួយថ្ងៃក្រោយមក លី អ៊ីធីណា ក៏បានឆ្លើយតបជាវីដេអូមកវិញ ដោយនាងបានផ្លោងពាក្យសម្ដីទៅ សុខ ពិសី វិញថា “ការដែលនាងនិយាយនៅក្នុងកម្មវិធី “ដូច ឬមិនដូច” មិនមានបំណងបាញ់ទៅឱ្យ សុខ ពិសី ទេ នាងជាគណៈកម្មការ ធ្វើតាមតួនាទី ដែលកម្មវិធីគេតម្រូវឱ្យមើលឃើញបែបណានិយាយបែបហ្នឹង”។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះទោះបីជាជម្លោះពាក្យសម្ដីរវាងតារាសិល្បៈល្បីឈ្មោះទាំងបួនរូបបានស្ងប់ទៅវិញ ប៉ុន្តែជម្លោះនេះនៅតែធ្វើឱ្យអ្នកគាំទ្រតារាទាំងបួនរូបវាយប្រហារដាក់គ្នាលើបណ្ដាញហ្វេសប៊ុកនៅឡើយ៕

 

Loading...